តើអ្នកចង់ឱ្យអ្នកនិងទារករបស់អ្នកមានសុខភាពល្អមែនទេ? ទូរស័ព្ទទៅលេខ ១២៩៦ ដើម្បីទទួលបានសារជាសំលេងដោយផ្ទាល់ជាមួយទូរស័ព្ទដៃនិងការណែនាំអំពីសុខភាព។

តេ១២៩៦

សុខភាពនៅលើម្រាមដៃរបស់អ្នក

 

កម្មវិធីសហគមន៍គ្រួសារសុខភាពល្អ ប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទចល័តដើម្បីផ្ញើសារអប់រំសុខភាពម្តាយ និងទារក ទៅកាន់ទូរស័ព្ទរបស់ម្តាយនៅពេលដែលពួកគេត្រូវការ។ កម្មវិធីនេះនឹងទូរស័ព្ទទៅស្រ្តីដែលបានចុះចូលក្នុងកម្មវិធី ម្តងក្នុងមួយសប្តាហ៍ជាមួយនឹងសារជាសម្លេងដែលបានថតទុក។ សារទាំងអស់បានបញ្ចូលការណែនាំរបស់លោកវេជ្ជបណ្ឌិត ធារិទ្ធិ ឆ្មប ណារី ចំណេះដឹងរបស់យា សាអែម ការអនុវត្តន៍របស់ពុក តុលា និងមុំ អ្នកស្ម័គ្រចិត្តសុខភាពភូមិ។
សារអប់រំប្រាប់ពីព័ត៌មាន និងដំបូន្មានលើប្រធានបទជាច្រើនដូចជា អាហារូបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ ការបំបៅដោះ សញ្ញាគ្រោះថ្នាក់ និងអនាម័យល្អ ដើម្បីអោយម្តាយអាចធ្វើការសម្រេចចិត្តបានល្អប្រសើរជាមុនទាក់ទងនឹងសុខភាពគ្រួសាររបស់ពួកគេ។ ស្រ្តីអាចចុះឈ្មោះនៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ពួកគេ ឬ អាចទូរស័ព្ទទៅលេខ ១២៩៦ ដើម្បីចុះឈ្មោះដោយខ្លួនឯងបាន។

១០០០ សុខភាព

១០០០ សុខភាព សំដៅទៅ ១០០០ ថ្ងៃដំបូង នៃជីវិតកុមារចាប់តាំងពីការចាប់កំណើតក្នុងពោះម្តាយរហូតដល់កើតបានអាយុ ២ឆ្នាំ។ ថែទាំសុខភាពបានល្អ និងផ្តល់អាហារូបត្ថម្ភបានគ្រប់គ្រាន់ក្នុងអំឡុងពេលនេះ អាចធ្វើអោយមានការផ្លាស់ប្តូរអនាគតរបស់កុមារ និងកាត់បន្ថយភាពក្រីក្រ។

យាយសាអែមនិយាយពីការរក្សាកូនឲ្យនៅក្នុងសីតុណ្ហភាពមួយដែលត្រឹមត្រូវ

ចុចសម្រាប់អក្សរខ្មែរ
យាយ៖ សួស្តី! ខ្ញុំ យាយសាអែម ពីសហគមន៍គ្រួសារសុខភាពល្អ!
ម្តាយ៖ ជម្រាបសួរ យាយ!
យាយ៖ ថ្ងៃហ្នឹង យាយចង់ប្រាប់ចៅពីសារៈសំខាន់នៃការរក្សាកូនឲ្យនៅក្នុងសីតុណ្ហភាពមួយដែលត្រឹមត្រូវ។ យាយដឹងពីរឿងហ្នឹងពេលដែលយាយចិញ្ចឹមកូន និងចៅៗ។
ម្តាយ៖ តើខ្ញុំធ្វើម៉េចទៅ យាយ?
យាយ៖ រឿងមួយដែលចៅត្រូវចាំគឺថា អាចៅតូចមិនមែនជាសាច់ទេ កុំដាក់កូនហាលថ្ងៃក្តៅ ឬ អាំងភ្លើង។ អាចៅតូច ក៏មិនមែនជាការ៉េមដែរ អីចឹងកុំដាក់ឲ្យត្រូវត្រជាក់ខ្លាំងពេក។
ម្តាយ៖ អូ តែប៉ុណ្ណឹងខ្ញុំចាំហើយ យាយ។
យាយ៖ ស្រួលចាំទេ! ចៅត្រូវតែស្លៀកពាក់ឲ្យកូន ហើយដណ្តប់ភួយឲ្យកូនផង។ ហើយ​ត្រូវ​ទុក​កូន​នៅ​ក្នុង​ម្លប់​ជានិច្ច។
ម្តាយ៖ អូ ចុះបើកូនវាត្រជាក់ខ្លាំងពេក ធ្វើម៉េចទៅយាយ?
យាយ៖ បើចៅឯងស្ទាបកូន ហើយខ្លួនកូនត្រជាក់ខ្លាំងពេក មានន័យថា  កូនត្រូវការកម្តៅបន្ថែម។ ប៉ុន្តែកម្តៅនេះត្រូវចេញពីខ្លួនចៅឯងផ្ទាល់ មិនមែនកម្តៅថ្ងៃទេ! អីចឹង ដោះខោអាវកូនចេញ ដោះឡេវអាវចៅឯង បន្ទាប់មកដាក់កូននៅចន្លោះដោះឲ្យជាប់នឹងទ្រូង ហើយយកកន្សែង ឬ​ក្រណាត់ស្អាតដណ្ដប់ពីលើកូន នោះ​ជា​ការ​ស្រេច ​ ធ្វើដូចនេះរហូតដល់ខ្លួនកូនចៅឯងឡើងកម្តៅធម្មតាវិញ។
ម្តាយ៖ ខ្ញុំយល់ហើយ យាយ។
យាយ៖ ហើយបើកូនឡើងក្តៅ ឬត្រជាក់ពេក ឬក៏មានបញ្ហាអី ប្រញាប់យកកូនទៅមណ្ឌលសុខភាពភ្លាម។
ម្តាយ៖ ចាស៎ យាយ។ អរគុណដែលបានប្រាប់ខ្ញុំ!
យាយ៖ សួស្តី! ខ្ញុំ យាយសាអែម ពីសហគមន៍គ្រួសារសុខភាពល្អ!
ម្តាយ៖ ជម្រាបសួរ យាយ!
យាយ៖ ថ្ងៃហ្នឹង យាយចង់ប្រាប់ចៅពីសារៈសំខាន់នៃការរក្សាកូនឲ្យនៅក្នុងសីតុណ្ហភាពមួយដែលត្រឹមត្រូវ។ យាយដឹងពីរឿងហ្នឹងពេលដែលយាយចិញ្ចឹមកូន និងចៅៗ។
ម្តាយ៖ តើខ្ញុំធ្វើម៉េចទៅ យាយ?
យាយ៖ រឿងមួយដែលចៅត្រូវចាំគឺថា អាចៅតូចមិនមែនជាសាច់ទេ កុំដាក់កូនហាលថ្ងៃក្តៅ ឬ អាំងភ្លើង។ អាចៅតូច ក៏មិនមែនជាការ៉េមដែរ អីចឹងកុំដាក់ឲ្យត្រូវត្រជាក់ខ្លាំងពេក។
ម្តាយ៖ អូ តែប៉ុណ្ណឹងខ្ញុំចាំហើយ យាយ។
យាយ៖ ស្រួលចាំទេ! ចៅត្រូវតែស្លៀកពាក់ឲ្យកូន ហើយដណ្តប់ភួយឲ្យកូនផង។ ហើយ​ត្រូវ​ទុក​កូន​នៅ​ក្នុង​ម្លប់​ជានិច្ច។
ម្តាយ៖ អូ ចុះបើកូនវាត្រជាក់ខ្លាំងពេក ធ្វើម៉េចទៅយាយ?
យាយ៖ បើចៅឯងស្ទាបកូន ហើយខ្លួនកូនត្រជាក់ខ្លាំងពេក មានន័យថា  កូនត្រូវការកម្តៅបន្ថែម។ ប៉ុន្តែកម្តៅនេះត្រូវចេញពីខ្លួនចៅឯងផ្ទាល់ មិនមែនកម្តៅថ្ងៃទេ! អីចឹង ដោះខោអាវកូនចេញ ដោះឡេវអាវចៅឯង បន្ទាប់មកដាក់កូននៅចន្លោះដោះឲ្យជាប់នឹងទ្រូង ហើយយកកន្សែង ឬ​ក្រណាត់ស្អាតដណ្ដប់ពីលើកូន នោះ​ជា​ការ​ស្រេច ​ ធ្វើដូចនេះរហូតដល់ខ្លួនកូនចៅឯងឡើងកម្តៅធម្មតាវិញ។
ម្តាយ៖ ខ្ញុំយល់ហើយ យាយ។
យាយ៖ ហើយបើកូនឡើងក្តៅ ឬត្រជាក់ពេក ឬក៏មានបញ្ហាអី ប្រញាប់យកកូនទៅមណ្ឌលសុខភាពភ្លាម។
ម្តាយ៖ ចាស៎ យាយ។ អរគុណដែលបានប្រាប់ខ្ញុំ!

ការថែរក្សាមុនពេលមានផ្ទៃពោះ

ចុចសម្រាប់អក្សរខ្មែរ
ពេទ្យ៖ សួស្តី!​ ខ្ញុំគ្រូពេទ្យធារិទ្ធ ពីសហគមន៍គ្រួសារសុខភាពល្អ!
ម្តាយ៖ ជម្រាបសួរ លោកគ្រូ!
ពេទ្យ៖ បាទ ពោះប្អូនឯងដូចជារាងធំជាងពីមុនច្រើន អាអូនតូចក្នុងពោះហ្នឹងធំលឿនដល់ហើយ។
ម្តាយ៖ ហាហា…ពេលខ្លះ ខ្ញុំសឹងតែមិនជឿទេ ថាកូនក្នុងពោះហ្នឹងអាចធំជាងហ្នឹងទៀតហ្អាលោកគ្រូ!
ពេទ្យ៖ ហាហា ពេលដែលអាអូនតូចធំធាត់អីចឹង ច្បាស់ជាត្រូវការជីវជាតិកាន់តែច្រើន ជាពិសេសជាតិកាល់ស្យូម។
ម្តាយ៖ ជាតិកាល់ស្យូម?
ពេទ្យ៖ បាទ។ ឆ្អឹង ហើយនិងធ្មេញរបស់អាអូនតូចកើតចេញពីជាតិកាល់ស្យូម។ ពេលប្អូនឯងញ៉ាំអាហារមាន​ជាតិ​កាល់ស្យូមច្រើន កូនប្អូនឯងនឹងធំធាត់ ហើយរឹងមាំ។
ម្តាយ៖ តែខ្ញុំញ៉ាំអីទៅទើបបានជាតិកាល់ស្យូមហ្នឹង លោកគ្រូ?
ពេទ្យ៖ ជាតិកាល់ស្យូមហ្នឹង មាននៅក្នុងទឹកដោះគោ ត្រីតូចៗ គ្រឿងសមុទ្រ សណ្តែក ហើយនិងបន្លែបៃតង។
ម្តាយ៖ ខ្ញុំញ៉ាំទឹកដោះគោតែរហូតហ្នឹង លោកគ្រូ។
ពេទ្យ៖ ល្អហើយអីចឹង តែកុំភ្លេចញ៉ាំរបស់ផ្សេងដែលខ្ញុំប្រាប់អំបាញ់ម៉ិញញហ្នឹងឲ្យបានច្រើនផង។
បើប្អូនឯងត្រូវការអីផ្សេង ចាំមកមណ្ឌលសុខភាពមក។
ម្តាយ៖ ច៎ា។ អរគុណលោកគ្រូ។

នារីបំបៅដោះកូនដោយមានប្រសិទ្ធិភាព

ចុចសម្រាប់អក្សរខ្មែរ
ឆ្មប៖ សួស្តី! ខ្ញុំ ឆ្មបណារី ពីសហគមន៍គ្រួសារសុខភាពល្អ!
ម្តាយ៖ ជម្រាបសួរអ្នកគ្រូពេទ្យណារី!
ឆ្មប៖ អបអរសាទរដែលបានសម្រាលកូនហើយ!
ម្តាយ៖ អរគុណអ្នកគ្រូ!
ឆ្មប៖ បងសង្ឃឹមថាអូន បានឲ្យអាអូនបៅតែទឹកដោះអូនឯងទេ។
ម្តាយ៖ ចាស បៅតែទឹកដោះខ្ញុំទេអ្នកគ្រូ។
ឆ្មប៖ ល្អហើយអីចឹង។ ទឹកដោះដំបូងមានជីវជាតិច្រើនណាស់។ កូនអូនច្បាស់ជាឆាប់ធំហើយ។ អូនឯងមានឲ្យកូនបៅដោះត្រឹមត្រូវអត់ហ្នឹង?
ម្តាយ៖ មើលម៉េចដឹងត្រឹមត្រូវទៅអ្នកគ្រូ?
ឆ្មប៖ អូនត្រូវមើលថា អាអូនម៉ឹមក្បាលដោះអូនឯង អាម្តុំកន្លែងពណ៌ត្នោតហ្នឹងឲ្យនៅក្នុងមាត់វាទាំងអស់ មិនមែនគ្រាន់តែបៀមតែចុងក្បាលដោះនោះទេ។ ធ្វើម៉េចឲ្យចង្កា និងច្រមុះកូននៅជាប់ដោះអូនឯង។ ពេលកូនបៅឆ្អែត ចាំដកកូនចេញពីដោះ។ ហើយអូនឯងគួរតែឲ្យកូនបៅដោះឲ្យបានច្រើនដងពី ២ ទៅ៣​ ម៉ោងម្តង ទាំងថ្ងៃ ទាំងយប់ឲ្យបានរហូតដល់៦ខែ។
ម្តាយ៖ ចាស៎។ ចុះបើកូនខ្ញុំអត់បៅវិញ អ្នកគ្រូ?
ឆ្មប៖ បើអត់បៅ មកមណ្ឌលសុខភាពមក!
ម្តាយ៖ ចាស៎​អ្នកគ្រូ។ អរគុណហើយដែលបានប្រាប់ខ្ញុំ!
ចុចសម្រាប់អក្សរខ្មែរ
អ្នកស្ម័គ្រចិត្ត៖ សួស្តី!​ ខ្ញុំមុំ ពីសហគមន៍គ្រួសារសុខភាពល្អ។
ម្តាយ៖ សួស្តី បងមុំ!
អ្នកស្ម័គ្រចិត្ត៖ ថ្ងៃនេះ​ បងចង់និយាយពីរឿងលាមកកូនអូនឯង?
ម្តាយ៖ និយាយរឿងហ្នឹងដែរអីបង? (និយាយលេង)
អ្នកស្ម័គ្រចិត្ត៖ ហាហា រឿងហ្នឹងសំខាន់ណាស់។ កូនដែលបៅដោះខ្លះជុះលាមកមួយថ្ងៃ៤ដង តែកូនខ្លះ៣ថ្ងៃម្តង។ ទាំងពីរហ្នឹងធម្មតាទេ។
ម្តាយ៖ ចាស៎។
អ្នកស្ម័គ្រចិត្ត៖ ប្អូនឯងក៏គួរតែមើលពណ៌លាមក និងមើលថាលាមកហ្នឹងម៉េច។
ម្តាយ៖ មែនអីបង?
អ្នកស្ម័គ្រចិត្ត៖ ហាហា ចាស។ ប្អូនឯងអាចដឹងពីសុខភាពកូនដោយគ្រាន់តែមើលលាមកកូន។ វាគួរតែទន់ ហើយមានពណ៌បៃតងរាងត្នោត ឬក៏ពណ៌លឿងខ្ចី។ វាអាចធុំក្លិនផ្អែមតិចៗ។ យូរៗទៅ ប្អូនឯងអាចមើលដឹងហើយថាម៉េចបានធម្មតា។ បើអូនឯងឃើញលាមកកូនពណ៌បៃតងខ្ចី វាមកពីកូនអត់បានបៅទឹកដោះគ្រប់គ្រាន់។ ឲ្យកូនបៅដោះម្ខាងៗឲ្យទាល់តែអស់ទឹកដោះ។ អីចឹងបានកូនបានទឹកដោះល្អ។
ម្តាយ៖ ខ្ញុំយល់ហើយអីចឹង។ ហើយខ្ញុំគួរយកលាមកហ្នឹងទៅណាទៅ?
អ្នកស្ម័គ្រចិត្ត៖ ប្អូនឯងអាចយកវាចោលក្នុងបង្គន់ ឬកប់វានៅក្រោយផ្ទះទៅ។ តែចាំថា ត្រូវតែលាងដៃនឹងសាប៊ូ ពេលដែលចោលហើយ។
ម្តាយ៖ អរគុណហើយដែលបានប្រាប់ បង! ខ្ញុំមិនដែលគិតរឿងហ្នឹងសោះ!
អ្នកស្ម័គ្រចិត្ត៖ វាមិនអីទេ!
ចុចសម្រាប់អក្សរខ្មែរ
អ្នកស្ម័គ្រចិត្ត៖ សួស្តី! ខ្ញុំ មុំ ពីសហគមន៍គ្រួសារសុខភាពល្អ!
ម្តាយ៖ សួស្តី បង!
អ្នកស្ម័គ្រចិត្ត៖ ថ្ងៃនេះ ខ្ញុំចង់រំឭកឲ្យប្អូនទៅមណ្ឌលសុខភាពដើម្បីយកអាអូនតូចទៅចាក់វ៉ាក់សាំង
កញ្ជ្រិល។
ម្តាយ៖ កញ្ជ្រិល? កញ្ជ្រិលហ្នឹងអីទៅបង?
អ្នកស្ម័គ្រចិត្ត៖​ ជម្ងឺហ្នឹងឆ្លងតាម ​ក្អក​ និងកណ្តាស់ អីចឹងបើប្អូន ឃើញអ្នកណាឈឺជម្ងឺអីចឹង កុំឲ្យកូននៅជិតឲ្យសោះ។
ម្តាយ៖ រោគសញ្ញាមានអីខ្លះទៅបង? មានតែក្អក និងកណ្តាស់ទេ ហ៎?
អ្នកស្ម័គ្រចិត្ត៖ នៅមានរោគសញ្ញាច្រើនទៀត តែដំបូងឡើយ គឺចាប់ផ្តើមផ្តាសាយ ដល់យូរៗទៅ កូន​អូន ​អាចនឹង​ចាប់​ផ្តើម​ក្តៅ​ខ្លួន ហៀរសំបោរ ភ្នែកឡើងក្រហម ឈឺ-ក ហើយក្អក។ ប៉ុន្មានថ្ងៃក្រោយទៀត អា​អូន​​នឹងអាច​ចាប់​ផ្តើម​ចេញ​កន្ទួល​ក្រហម​នៅ​លើ​ខ្លួន។
ម្តាយ៖ អូ អីចឹង ហ្អ៎បង!
អ្នកស្ម័គ្រចិត្ត៖ បើប្អូន ឃើញមានរោគសញ្ញាអស់ហ្នឹង ប្រញាប់យកកូនទៅមណ្ឌលសុខភាព​ភ្លាម ប៉ុន្តែ​ប្អូន ​ក៏​ត្រូវតែ​ប្រញាប់​ទៅមណ្ឌលសុខភាពដើម្បីឲ្យអាអូនទទួលថ្នាំបង្ការខែទី៩ដែរ ហើយកុំភ្លេច ម្តងទៀតពេលអាអូនបាន មួយឆ្នាំកន្លះ។ ប៉ុន្តែមិនអីទេ ព្រោះពេលនោះខាងបងនឹងទូរស័ព្ទទៅរំឭកប្អូន ទៀតហើយ!
ម្តាយ៖ ច៎ា ចាំខ្ញុំប្រញាប់ទៅ! អរគុណច្រើនហើយ បង!
ចុចសម្រាប់អក្សរខ្មែរ
ពេទ្យ៖  សួស្តី! ខ្ញុំ គ្រូពេទ្យធារិទ្ធ ពីសហគមន៍គ្រួសារសុខភាពល្អ។
ម្តាយ៖ ជម្រាបសួរ លោកគ្រូពេទ្យ!
ពេទ្យ៖  ថ្ងៃនេះ ខ្ញុំចង់ប្រាប់ប្អូនពីរបបអាហាររបស់អាអូន។
ម្តាយ៖  អូ ខ្ញុំបញ្ចុកចំណីអាអូនខុសមែន លោកគ្រូ?
ពេទ្យ៖ អត់ទេ គ្រាន់តែខ្ញុំចង់ប្រាប់ប្អូនថា ពីឥឡូវទៅ ប្អូនអាចឲ្យអាអូនញ៉ាំម្ហូបច្រើនជាងមុនបានហើយ។
ម្តាយ៖  ច៎ា តែខ្ញុំត្រូវបញ្ចុកអីខ្លះទៅ លោកគ្រូ?
ពេទ្យ៖  ប្អូន អាចឲ្យអាអូនញ៉ាំពងស្ងោរ ត្រី ឬសាច់ចិញ្ច្រាំឲ្យម៉ត់ ល្ពៅ និងសណ្តែកកិន ហើយនិងនំខ្លះៗផង បើអាអូនចាប់ផ្តើមដុះធ្មេញ។ ប៉ុន្តែត្រូវមើលថានំហ្នឹងអត់បែកជាកម្ទេចតូចៗទេ ព្រោះអាអូនអាចស្លាក់។
ម្តាយ៖  ពេលលោកគ្រូនិយាយថាឲ្យញ៉ាំសាច់ហ្នឹង មិនមែនសាច់ជ្រូកទេ ត្រូវទេលោកគ្រូ? ព្រោះខ្ញុំឮថា សាច់ជ្រូកមានព្រូនច្រើនណាស់។
ពេទ្យ៖ ​​ បើប្អូនចម្អិនវាឲ្យឆ្អិនល្អ កុំឲ្យមាននៅសល់សាច់ក្រហម វាមិនអីទេ។
ម្តាយ៖  ច៎ាលោកគ្រូ។ តែខ្ញុំគួរបញ្ចុកអាអូនមួយថ្ងៃប៉ុន្មានដងទៅ?
ម្តាយ៖  ឲ្យអាអូនញ៉ាំមួយថ្ងៃ ៣ ពេល មួយពេល បញ្ចុកមួយចានចង្កឹះ ហើយប្អូនអាចឲ្យអាអូនញ៉ាំផ្លែឈើ និងនំបុ័ង ក្រៅពីពេលបាយបានដែរណា។ តែប្អូន ក៏ត្រូវតែបន្តឲ្យអាអូនបៅដោះពេលឃ្លានផងដែរ។ ឥឡូវហ្នឹង អាអូនក៏អាចញ៉ាំទឹកស្អាត ឬក៏ទឹកដាំឆ្អិនបានដែរ តែកុំឲ្យកូនញ៉ាំទឹកតែ កាហ្វេ ទឹកអីដែលមានជាតិផ្អែម ហើយនិងនំកញ្ចប់ឲ្យសោះ ព្រោះទាំងអស់ហ្នឹង អត់ល្អសម្រាប់ក្មេងទេ។
ម្តាយ៖ ច៎ា ចាំខ្ញុំបញ្ចុកអាអូនតាមលោកគ្រូប្រាប់។
ពេទ្យ៖ បាទ! តែកុំបញ្ចុកម្តងទាំងអស់ណា។ សាកម្តងបន្តិចៗទៅបានហើយ។
ម្តាយ៖ ចាស អរគុណហើយលោកគ្រូ ដែលបានទូរស័ព្ទមក។

ឆ្មបនារីដៃគូរពិភាក្សាសម្រាប់ផែនការគ្រួសារ

ចុចសម្រាប់អក្សរខ្មែរ
ឆ្មប៖ សួស្តី! ខ្ញុំ ឆ្មប ណារី ពីសហគមន៍គ្រួសារសុខភាពល្អ!
ម្តាយ៖ ជម្រាបសួរ អ្នកគ្រូពេទ្យ!
ឆ្មប៖ បងដឹងថាអាអូនមើលទៅរៀងធំហើយ តែប្អូនត្រូវចាំថា អត់ទាន់​ដល់ពេល​ដែលអូន ​ត្រូវ​គិតគូរ​យកកូនមួយទៀតទេ។
ម្តាយ៖ ប្តីខ្ញុំនិយាយរឿងហ្នឹងដែរ​ អ្នកគ្រូ។​
ឆ្មប៖ កូនអូននៅត្រូវការការថែទាំច្រើនណាស់។ ពីអាយុ ១ ខួប ដល់ ២ ខួបជាពេលសំខាន់ណាស់។ អូន គួរចាំរហូតដល់កូនយ៉ាងហោចណាស់ក៏ ៣ ខួបដែរ។ ទម្រាំដល់ពេលហ្នឹង អូន​​រៀង​មាន​កម្លាំង​វិញ​ហើយ ហើយកូនអូនក្រោយនេះ ក៏រឹងមាំដែរ។ ម៉្យាងទៀត កូនអាយុខុសគ្នា ៣ ទៅ ៤ឆ្នាំ ហ្នឹង​ក៏ល្អដែរ។
ម្តាយ៖ ខ្ញុំនិយាយរឿងហ្នឹងជាមួយប្តីខ្ញុំដែរអ្នកគ្រូ ម្យ៉ាងទៀត ពួកខ្ញុំអាចយកពេលហ្នឹង​ទៅ​ធ្វើការ​សន្សំ​លុយ​សិន ក៏ល្អដែរ។
ឆ្មប៖ អាហ្នឹងក៏រឿងមួយទៀតដែរ។ អូនត្រូវសន្សំលុយខ្លះ។ បើប្តីអូនអត់សូវជឿអូនរឿងហ្នឹងទេ អូនអាចនាំប្ដីទៅមណ្ឌលសុខភាពបាន ព្រោះនៅហ្នឹង មាន​អ្នក​ជំនាញ​ដែល​អាច​ប្រាប់​អូន​ ​ពី​ផល​ប្រយោជន៍​ខាងសុខភាព ហើយអូនពីរនាក់ហ្នឹងក៏អាចពិភាក្សារឿងវិធីសាស្រ្តពន្យារកំណើតដែរ។
ម្តាយ៖ ចាំខ្ញុំទៅ អ្នកគ្រូ។ អរគុណច្រើនហើយ! យោបល់អ្នកគ្រូល្អៗណាស់!
ឆ្មប៖ មិនអីទេ អូន!
ចុចសម្រាប់អក្សរខ្មែរ
ពុក៖     សួស្តី! ខ្ញុំ ពុកតុលា ពីសហគមន៍គ្រួសារសុខភាពល្អ
ម្តាយ៖  ជម្រាបសួរពូ! (សម្លេងលេប) សុំទោសផង ខ្ញុំកំពុងតែទំពារនំក្នុងមាត់។
ពុក៖     ហើយ ក្មួយឯងមានបានលាងដៃអត់?
ម្តាយ៖  អឺ….ដូចជាអត់ទេពូ (និយាយបែបមិនប្រាកដ)។
ពុក៖     អត់បានហ្អេ! ក្មួយដឹងទេ មានថ្ងៃខ្លះ ពេលខ្ញុំទៅដល់ផ្ទះ ឃ្លានពេក ញ៉ាំបាយភ្លាម អត់បានលាងដៃនឹងសាប៊ូ។ ឥឡូវដឹងហើយ ដោយសារតែភ្លេចលាងដៃ ចឹងហើយបានពូចេះតែរាក។ អីចឹង យើងត្រូវចេះរក្សាអនាម័យខ្លួនឯងផង របស់របរនៅជុំវិញកូនផង ហើយហាមកុំឲ្យអ្នកណាឈឺមកក្បែរកូន នាំតែឆ្លងជម្ងឺទេ! ត្រូវចេះលាងដៃជាមួយសាប៊ូ មុនពេលញ៉ាំ មុនពេលធ្វើម្ហូប និងក្រោយពេលចូលបង្គន់ ឬលាងគូថឲ្យកូន។
ម្តាយ៖  ចា៎ ចាំខ្ញុំលាងឲ្យបានគ្រប់ពេល
ពុក៖     ម្យ៉ាងទៀត ត្រូវសម្អាតកន្លែងកូនលេង គ្រែដេក និងបោកខោអាវឲ្យកូនឲ្យបានស្អាត។ គ្រាន់តែសម្អាតបានល្អប៉ុណ្ណឹង ទាំងម្តាយ និងកូនច្បាស់ជាជៀសផុតពីជម្ងឺបានច្រើនណាស់ណា!
ម្តាយ៖  ចា៎ អរគុណហើយពូដែលបានរំឭកខ្ញុំរឿងហ្នឹង។
ពុក៖     អត់បញ្ហាទេ អីចឹងចាំណា រឿងដែលសំខាន់បំផុតគឺត្រូវលាងដៃជាមួយសាប៊ូជានិច្ច!

ជួបជាមួយសហគមន៏គ្រួសារសុខភាពល្អ

បន្ទាប់ពីកម្មវិធីសហគមន៍គ្រួសារសុខភាពល្អ (អឹមហែល) បានចាប់ផ្តើមមក ឥឡូវនេះស្រ្តីជាម្តាយបានយល់ដឹងអំពីការថែរទាំសុខភាពកូន និងសុខភាពរបស់ពូកគេ ជាពិសេសទារកទើបនឹងកើត និងសុខភាពម្តាយបន្ទាប់ពីសម្រាលភ្លាមៗ។
មុត​ សំអុល​ កំពុងបង្រៀនអំពីអាហារូបត្ថម្ភ។

ខ្ញុំចងចាំថា ខ្ញុំបានរៀនសូត្រជាច្រើនអំពីការថែរទាំទងផ្ចិត។ ខ្ញុំដឹងថា ត្រូវយកកូនទៅមណ្ឌលសុខភាពភ្លាមៗ ប្រសិនបើមានការឆ្លងរោគ ឬ ទងផ្ចិតមានសភាពមិនប្រក្រតី។ ខ្ញុំបានយល់ដឹងអំពី ការបំបៅដោះកូនដោយទឺកដោះម្តាយអោយបានត្រឹមត្រូវ ការអនុវត្តន៍ត្រឹមត្រូវ និងសញ្ញាដែលមិនប្រក្រតី។
សុខម៉េងជាមួយគ្រួសាររបស់នាង

ទំនាក់ទំនងយើង

ដៃគូនិងអ្នកគាំទ្ររបស់យើង

គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយទភ្នាក់ងារអភិវឌ្ឍន៍ប្រទេសឆែកនិងភ្នាក់ងារ USAID ហើយត្រូវបានអនុវត្តដោយវិទ្យាស្ថាន បើកទូលាយនិងមានការគាំទ្រពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។